(ភ្នំពេញ)៖ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៤,៩០១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ថ្នាក់ដឹកនាំ

សារ

ឯកឧត្តម យឹម ឆៃលី

ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

ស្តីពី
ការគ្រប់គ្រងព័ត៌មាន និងចំណេះដឹងលើវិស័យកសិកម្ម និងអភិវឌ្ឍន៏ជនបទ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី

ឆ្លងកាត់នូវដំណាក់ការ​សំខាន់ៗនៃកិច្ចការស្តារនិងអភិវឌ្ឍន៍ដ៏លំបាកនិងប្រកបដោយភាព​ស្មុគស្មាញប្រទេស​កម្ពុជា​បានវិវឌ្ឍន៍​ឈានចូល​មកដល់យុគសម័យសកលភាវូបនីយកម្ម​ទាំងក្នុងតំបន់ និងនៅលើពិភពលោកកត្តាទាំងនេះទាមទារឲ្យប្រទេសកម្ពុជាខិតខំធ្វើការ​អភិវឌ្ឍដោយ​ផ្តោតការ​យកចិត្ត​ទុកដាក់ទៅលើនិរន្តរភាពនិងការទទួលខុសត្រូវខ្ពស់ សំដៅកាត់បន្ថយភាព ក្រីក្ររបស់ប្រជាជន។ក្នុងបរិការនេះ រាជ​រដ្ឋាភិបាល​បាន​ផ្តល់អាទិភាព​ខ្ពស់លើការអភិវឌ្ឍវិស័យកសិកម្ម​ និងជនបទ ដូចមានលើក​ឡើងនៅក្នុង​ឯកសារយុទ្ធសាស្ត្រ​ កាត់បន្ថយភាពក្រីក្រផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និងគោលដៅ​អភិវឌ្ឍន៍សហសវត្សកម្ពុជា ឆ្នាំ២០១៥។

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទមានតួនាទីជាគណៈបញ្ជាការឯកភាព មួយជួយ​រាជរដ្ឋាភិបាល​ក្នុងការសម្រប​សម្រួល​កិច្ចការ​អភិវឌ្ឍវិស័យ​កសិកម្ម​និងជនបទនៅកម្ពុជាតាមដាន និងផ្តល់ការណែ នាំផ្នែកគោលនយោបាយនិង ​យុទ្ធសាស្ត្រ​ដែលទាក់ទង​នឹងវិស័យកសិកម្ម និងជនបទ​វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងប្រព័ន្ធសុវត្ថិភាព​សង្គមដោយសហការ​យ៉ាងជិតស្និទ្ធជាមួយ​ នឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ​ដៃគូអភិវឌ្ឍន៏​វិស័យឯកជន​និងសង្គម​ស៊ីវិល​ដែលមាន​សក្តានុពល​លើវិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជន​បទសំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឲ្យមានលក្ខណៈ​ប្រសើរឡើង។ ដើម្បីអនុវត្តន៍តួនាទីនិង​ភារកិច្ចរបស់​ខ្លួនឲ្យមាន​ប្រសិទ្ធភាពខ្ពស់ និងទទួលបាន​ជោគជ័យ ជូនរាជ​រដ្ឋាភិបាល ដែល​ដឹកនាំដោយ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជាក្រុមប្រឹក្សា​ស្តារ

អភិវឌ្ឍន៍​វិស័យ​កសិកម្ម និងជនបទ​បានរៀបចំ​នូវយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងគោលដៅសម្រប​សម្រួលលើ​ការអភិវឌ្ឍវិស័យ​កសិកម្ម​និងជនបទ​នៅកម្ពុជា ដោយផ្តោត​ជាសំខាន់ទៅ​លើការគាំទ្រគោលនយោបាយការពង្រឹងភាពជាដៃគូ ការត្រួតពិនិត្យ និងវាយតម្លៃ ការគ្រប់គ្រងព័ត៌មាននិងចំណេះដឹង​និងការពង្រឹង​ស្ថាប័ន។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី

ការអភិវឌ្ឍវិស័យ​កសិកម្ម​និងជនបទ គឺជាបញ្ហាអន្តរវិស័យ និងពហុវិស័យ ដែលចាំបាច់ទាមទារ​ឲ្យមានការ​ចូលរួមពីគ្រប់​ក្រសួង-ស្ថាប័នទាំងអស់ ជាពិសេសក្រសួង​ពាក់ព័ន្ធទាំង ០៦គឺមានក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយមក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍​ជនបទនិង ​ក្រសួងបរិស្ថាន ដៃគូអភិវឌ្ឍន៏វិស័យ​ឯកជន និងអង្គការ​សង្គមស៊ីវិល​នានា ដែល​ធ្វើការពាក់​ព័ន្ធនឹង​ជីវភាព​រស់នៅ​របស់ប្រជាជន​នៅជនបទ។ ក្រសួង-ស្ថាប័ន​ទាំងនេះគឺជាស្ថាប័ន​អនុវត្តន៍ផ្ទាល់​ចំណែក​ឯក្រុម​ប្រឹក្សាស្តារអភិវឌ្ឍន៍​វិស័យកសិកម្ម​និងជនបទ គឺជាស្ថាប័ន សម្របសម្រួល ហើយការគ្រប់​គ្រងព័ត៌មាន និងចំណេះដឹង​គឺជាស្នូលនៃយន្តការ​សម្របសម្រួល។ ការគ្រប់​គ្រងព័ត៌មាន និងចំណេះដឹង​មានការទាក់ទង​នឹងការប្រមូល និងគ្រប់គ្រង​ព័ត៌មាន ការបង្កើតនិងការផ្សព្វ​ផ្សាយព័ត៌មាន និងសេវាកម្មនៃចំណេះដឹង។ ការគ្រប់គ្រង​ព័ត៌មាននិងចំណេះដឹងនេះ ជាមធ្យោបាយយ៉ាង​សំខាន់ក្នុងការបង្កើន​ល្បឿននិងប្រសិទ្ធភាព ​សម្រាប់អន្តរាគមន៏ដល់​ការងារសម្រប​សម្រួលតាម​រយៈការចែក​រំលែក និងផ្លាស់ប្តូរនូវ​រាល់ព័ត៌មាន ចំណេះដឹង គោលនយោបាយ របកគំហើញ​ថ្មីៗពាក់ព័ន្ធ​នឹងការអភិវឌ្ឍ​វិស័យកសិកម្ម និងជនបទ និងដើម្បីស្វែង​រកនូវអភិក្រមទាំងឡាយសម្រាប់​ដោះស្រាយនូវរាល់​ បញ្ហាអន្តរវិស័យ ព្រមទាំង​ប្រមូលផ្តុំ និងសិក្សា​ពីគម្លាតនៃព័ត៌មាន​ដែលទាក់ទង​នឹង​ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ​នៅកម្ពុជា។

ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៏នានា ពិសេសធនាគារអភិវឌ្ឍន៏អាស៊ី (ADB) ក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៍វិស័យ​កសិកម្ម និងជនបទ បានធ្វើការ​សិក្សាពីវិសាល​ភាពនៃច្រកចេញ-ចូលព័ត៌មាន ស្តីពីវិស័យ​កសិកម្មនិងអភិវឌ្ឍន៍​ជនបទនៅកម្ពុជា​និងបានបង្កើត​គេហទំព័រ​ស្ថាប័នខ្លួនដែល​មានអាស័យដ្ឋាន www.card.gov.khក្នុងគោលបំណង​ដើម្បីគ្រប់គ្រង​និងចែករំលែក​នូវរាល់ព័ត៌មាន​និងចំណេះដឹង​ស្តីពីកសិកម្មនិង​អភិវឌ្ឍន៍ជនបទ​ឲ្យបានកាន់តែល្អ​ប្រសើរថែម​ទៀតដល់គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់។

ជាទីបញ្ចប់ ក្នុងនាមក្រុមប្រឹក្សាស្តារ​អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងក្នុងនាម​ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវ​នាវឲ្យគ្រប់​ភាគីពាក់ព័ន្ធ​ទាំងអស់មេត្តា​ជួយគាំទ្រនិង​បន្តកិច្ចសហការ​ក្នុងការចែក​រំលែកព័ត៌មាន ចំណេះដឹងនិង​បទពិសោធន៍នានា​ពាក់ព័ន្ធការអភិវឌ្ឍ​វិស័យកសិកម្ម​និងជនបទ​ដើម្បីរួមចំណែកក្នុង​កម្មវិធីកាត់បន្ថយ​​ភាពក្រីក្រ​​របស់រាជរដ្ឋាភិបាល​ឲ្យទទួលបាន ​ប្រសិទ្ធភាពខ្ពស់ និងចូលរួមប្រើប្រាស់​គេហទំព័រ​របស់ក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៍​ វិស័យកសិកម្ម និងជនបទ ឲ្យបានច្រើនដើម្បី​ទាញយកព័ត៌មាន និងឯកសារ​នានា​ដែលទាក់ទង​នឹង​វិស័យ​កសិកម្ម និងជនបទ​វិស័យ​សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងប្រព័ន្ធសុវត្ថិភាពសង្គមនៅកម្ពុជា។

ខ្ញុំក៏សូមសម្ដែងអំណរ ​គុណដោយ​ស្មោះស្ម័គ្រ ចំពោះធនាគារ​អភិវឌ្ឍន៍អាស៊ី ដែលបានផ្តួចផ្តើមគំនិត និងផ្តល់​ថវិកាក្នុង​ការរៀបចំ​ឲ្យមានការ​សិក្សា​ពីវិសាល​ភាពនៃ​ ច្រកចេញ-ចូលព័ត៌មាន ស្តីពីវិស័យកសិកម្ម និងអភិវឌ្ឍន៍​ជនបទ នៅកម្ពុជា ​និងបាន​បង្កើតគេហទំព័រ​ក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៍​វិស័យ​កសិកម្ម និងជនបទ។

សូមអរគុណ!