(ភ្នំពេញ)៖ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៤,៩០១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ដំណើរទស្សនៈកិច្ចសិក្សាឃុំមួយផលិតផល១ នៅប្រទេសថៃ

១. តបតាម​ការអញ្ជើញ​របស់ក្រសួង​ការបរទេសថៃ និងស្ថាន​ឯកអគ្គរាជទូតថៃ​ប្រចាំកម្ពុជា​ និងដោយមាន​ការ​អនុញ្ញា​​​​តិ​ដ៏ខ្ពង់ខ្ពស់​ពីសម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា,​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ យឹម ឆៃលី​ ប្រធាន​ក្រុមប្រឹក្សា​​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និងជបទ​ បានដឹកនាំ​ប្រតិភូ​​ក្រុម​ប្រឹក្សាស្តារ​អភិវឌ្ឍន៍​​វិស័យ​កសិកម្ម​​និងជនបទ ដែលជាអ្នក​ទទួលបន្ទុក​ដឹកនាំ​សម្របសម្រួល​​និង​អនុវត្ត​ការងារ​ជំរុញ​​ចលនា​​ភូមិមួយ​ ផលិតផលមួយ​  ទៅធ្វើ​​​ទស្សនៈ​​កិច្ច​​សិក្សា​ស្វែងយល់​ពីចលនា​​ឃុំមួយ ផលិត​ផលមួយ ​(One Tambon One Product “OTOP”) នៅ​ព្រះ​រាជា​ណាចក្រ​ថៃ​​ពីថ្ងៃទី២១​ដល់ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៥​ ក្នុងនោះ​ក៏មាន​ការអមដំណើរ​​ដោយឯកឧត្តម​ Nuttavudh​ Photisaro​​ ​ឯកអគ្គរាជ​ទូត​​​ថៃ​ប្រចាំកម្ពុជា​ និងស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេសថៃ ផងដែរ ។​​

២. នៅក្នុងទស្សនៈកិច្ចនេះ,​ ពីថ្ងៃទី២១​‑២៣ ខែធ្នូ​ ឆ្នាំ២០១៥​ ប្រតិភូ​ក្រុមប្រឹក្សា​ស្តារ​​អភិវឌ្ឍន៍​​វិស័យ កសិកម្ម​និងជបទ បានទៅ​សិក្សាស្វែងយល់​ពី​គម្រោង​អភិវឌ្ឍ​របស់​​ព្រះមហា​ក្សត្រថៃ​ នៅ​ខេត្តឈៀងមៃ​ ដែល​ផ្សារ​ភ្ជាប់​ទៅនឹង​ចលនាឃុំមួយ​ ផលិតផលមួយ។​​ ក្នុងនោះ​មាន​គម្រោង​ Royal Park Rajapruek​ គឺជា​មជ្ឈមណ្ឌល​​ពិព័រណ៍​នៃការស្រាវជ្រាវ​​ និងអភិរក្ស​​ពូជឈើ​​និង​ពូជផ្កា​នានា​លើ​សកល​លោក​ ដែលមជ្ឈមណ្ឌលនេះ​ត្រូវបាន​សាងសង់​កាលពីឆ្នាំ២០១០​ អស់ទឹកប្រាក់​ប្រមាណ ៥០លានដុល្លា ។ មជ្ឈមណ្ឌល​ Royal Park Rajapruck ក៏​មាន​រុក្ខជាតិ​​និងពូជផ្កា​មួយ​ចំនួន​ពីប្រទេស​កម្ពុជា​ រួមនឹង​គំនូរ​ប្រាង្គប្រាសាទ​សិប្បកម្ម​មួយ​ចំនួន​​របស់​កម្ពុជា​ផងដែរ។ បន្ទាប់មក​ គណៈប្រតិភូ​បានទៅ​ពិនិត្យ​គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម នៅ​ស្រុក​មែរីម​ ខេត្តឈៀងមៃ​ ក៏ជា​គម្រោង​របស់​ព្រះមហាក្សត្រថៃ​ដែរ ដែលគម្រោងនេះ​ជា​មជ្ឈមណ្ឌល​សម្រាប់ការ​ដាំដុះ​ និងអភិវឌ្ឍ​កសិកម្ម​​ដំណាំ​ផ្លែឈើ​ និងបន្លែ​ ដើម្បី​លប់បំបាត់​​ការ​ដាំ​​អាភៀន​​នៅ​តំបន់​ភាគខាងជើង​ប្រទេស​ គឺខេត្តឈៀងមៃ​។​  លទ្ធផ​ល​​​នៃគម្រោង​អភិវឌ្ឍ​​របស់​ព្រះ​មហា​ក្ស​ត្រ​ថៃ​​ទាំងនោះ​បានផ្សាភ្ជាប់​​ទៅ​នឹង​​ផលិតផល​ឃុំមួយ ផលិតផលមួយ​ សម្រាប់​​ប្រជាជន​​ក្នុង​តំបន់​ខ្ពង់រាប​នៃខេត្ត​ឈៀងមៃ​ ប្រកប​របរ​ដាំដុះ​​បន្លែ ផ្លែឈើ​​ និងការ​​រៀបចំ​​រមណីយ​ដ្ឋាន​ទេសចរណ៍​​នានា​​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​​ជាតិ​​និង​អន្តរជាតិ ក្នុង​ការ​​​​រួមចំណែក​​លើក​កម្ពស់​​ជីវភាព​​ប្រជាជន​​ក្នុងមូលដ្ឋាន។​

៣.​ បន្ទាប់មក,​ ប្រតិភូ​កម្ពុជា​​ក៏បាន​​ទៅពិនិត្យ​​មើល​សកម្មភា​ព​ចម្លាក់​ប្រាក់​នៅវត្ត​ស៊ី្រសូផាន (Srisuphan)​ ដែលព្រះវិហារ​ត្រូវបាន​ធ្វើពីប្រាក់​ និងអាលុយមីញ៉ូម ។ វត្តស៊ី្រសូផាននេះ ​ក៏បាន​ ទទួល​ព្រះសង្ឃខ្មែរ​មួយចំនួន​ដែរទៅសិក្សា​ផ្លូវព្រះពុទ្ធសាសនា​ ហើយវត្តនេះ​ជាមជ្ឈមណ្ឌល​ បណ្តុះបណ្តាល​​ចម្លាក់​​សម្រាប់​​សិស្ស​ ប្រជាជនទូទៅ​ និង​ព្រះ​សង្ឃ​ រួម​នឹងការ​បណ្តុះ​បណ្តាល​​លើការ​ព្យាបាល​ជំងឺតាមបែប​បុរាណ​របស់ថៃ​ផងដែរ។ នៅក្នុងវត្ត​មានការ​រៀបចំ​ជា​សហ​គ្រា​ស​​​សហគមន៍​ចម្លាក់​ប្រាក់​សម្រាប់​ជួយបណ្តុះ​បណ្តាល​ដល់សិស្ស​ និស្សិត​ និងប្រជា​ពលរដ្ឋ​ថៃ​​ដែល​ចង់រៀន​ចម្លាក់ប្រាក់​ និងការព្យាបាល​ជំងឺតាម​បែបបុរាណ ។  បន្ទាប់មកទៀត​ ប្រតិភូ​​ក៏​បានស្វែងយល់​ពីមុខរបរ​ចម្លាក់​ឈើ​​របស់​អ្នកភូមិ​គូទ្បេណយ (Kew Lae Noi)​ នៅស្រុកសាន​ ប៉ាធុង​ ដែលជា​​មជ្ឈមណ្ឌល​បង្ហាញពី​ស្នាដៃ​ ឃុំមួយ​ ផលិត​ផលមួយ​ សម្រាប់​ជំនាញ​​ពិសេស​​លើ​​ផលិតផលឈើ​ និង​ចម្លាក់​ឈើ​ ជាពិសេស​ឈើមៃសាក់​ ហើយប្រជាពលរដ្ឋ​នៅក្នុងភូមិនេះ​ សុទ្ធតែមាន​មុខរបរ​ជាជាង​ចម្លាក់ឈើ ​ហើយផលិតផល​ទាំងអស់នោះ​ត្រូវបាន​យកទៅលក់​ នៅក្នុង​ទីផ្សារ​ខេត្តឈៀងមៃ​ ទីក្រុងបាងកក​ ឬមាន​ឈ្មួញ​មកទិញ​ដល់មូលដ្ឋាន​តែម្តង។ បន្ទាប់ពីភូមិ​គូទ្បេណយ​ គណៈប្រតិភូ​បានទៅមើល​​សិប្បកម្ម​​ផលិត​​រូប​តុក្កតា​​សម្រាប់លក់​​នៅ​ទីផ្សារ​​ក្នុង​ស្រុក​ និងក្រៅប្រទេស​ ដែលសិប្បកម្ម​ផលិតផល​តុក្កតានេះ​មានដំណើរការ​​ជា​លក្ខណៈ​​តពូជ​ក្នុងរង្វង់​​គ្រួសា​រ​​ជាង១០០​ឆ្នាំ​​កន្លងមកហើយ ។

៤. នៅថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៥,​  ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី បានដឹកនាំ​ប្រតិភូ​​ក្រុម​ប្រឹក្សាស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​​និង​ជនបទ​ ចូលជួប​​ពិភាក្សា​ការងារ​ស្តីពី​​ចលនា​ភូមិ​មួយ​ ផលិតផលមួយ​របស់កម្ពុជា​ និងចលនា​ឃុំមួយ​ ផលិតផល​មួយ​​របស់ថៃ​ ជាមួយ​​ឯកឧត្តម​​នាយ​ឧត្តមសេនីយ​ អនុភុង​ ផៅចន្តា​ (Anupong Paochinda) រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃថៃ​ នៅ​ទីស្តី​ការ​​​ក្រសួងមហាផ្ទៃ។​ នៅក្នុងជំនួបនោះ,​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី​ បានមាន​ប្រសាសន៏ថា​ ការងារ​ចលនាភូមិ១​ផលិតផល១​ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា​ជា​ការ​ងារ​​ស្នូល​​មួយក្នុងការ​ជួយលើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ​ ហើយក្រុម​ប្រឹក្សា​ស្តារ​​អភិវឌ្ឍន៏​កសិកម្ម និងជនបទ​ ជាអ្នកទទួល​បន្ទុកដឹកនាំ​អនុវត្ត​គ្រប់គ្រង​ និងតាក់​តែង​​គោលនយោបាយ​នានា​សម្រាប់ការ​អនុវត្ត​នៅថ្នាក់ជាតិ​ ​និងថ្នាក់​ក្រោមជាតិ។​ ជាមួយគ្នា​នោះ,​ ឯកឧត្តម​ អនុភុង​ ផៅចន្តា​ មានប្រសាសន៏ថា​​ កម្មវិធី​ឃុំមួយ​ផលិតផលមួយ​របស់ថៃ និង​ចលនាភូមិ១​ផលិតផល១​នៅកម្ពុជា​​ មានលក្ខណៈ​ស្រដៀងគ្នា​ ដែលយើងអាច​រៀនសូត្រ​ និង​ដក​បទពិសោធន៏​ពីគ្នា​ទៅវិញ​ទៅមក​បាន។​

នៅ​ក្នុងជំនួបនោះ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ យឹម ឆៃលី​ ក៏បាន​ស្នើឲ្យ​ភាគីថៃ​​ជួយ​ដល់​​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៅកម្ពុជា​​លើការងារ​​ភូមិ​មួយ​ ផលិតផលមួយ​ និងការ​​បន្ត​ជួយ​តទៅទៀត​ដល់គម្រោង​អភិវឌ្ឍន៍​សហគមន៍​នៅខេត្តកោះកុង​ ឧត្តរ​មាន​ជ័យ​ និង​ខេត្ត​បន្ទាយមានជ័យ​ និងការ​រៀបចំ​គម្រោង​មួយចំនួន​លើការងារ​ជំរុញ​ផលិតផល​​ភូមិមួយ​ ផលិត​ផលមួយ​ នៅកម្ពុជា​ រួមទាំង​ការត្រួត​ពិនិត្យ​ស្តង់ដារ​គុណភាព​ ការវេចខ្ចប់​ និងការ​ចងក្រង​​សមាគម​ សហគមន៍​ជាដើម។​   ឆ្លើយតប​ទៅនឹង​សំណើរនេះ​ ឯកឧត្តម​នាយ​ឧត្តមសេនីយ​ អនុភុង ផៅចន្តា (Anupong Paochinda) រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃថៃ​ ក៏បាន​សន្យា​​ពិនិត្យ​លើ​សំណើ​​សុំរបស់​កម្ពុជា​ និងសន្យា​ផ្តល់ជំនួយ​បច្ចេកទេស​ និងការប្រឹក្សា​​យោបល់​​ស្តីពី​ការ​អនុវត្ត​​កម្មវិធី​ជំរុញភូមិ១​ ផលិតផល១​ នៅកម្ពុជា។ ជាការឆ្លើយតប,​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ យឹម ឆៃលី​ ក៏បាន​​ថ្លែង​អំណរ​គុណ​ចំពោះ​បំណង​ដ៏ល្អ​នេះ​របស់​ភាគីថៃ។

៥. បន្ទាប់​មក​គណៈប្រតិភូ​ក៏បាន​ស្តាប់បទ​ឧទ្ទេសនាម​របស់អគ្គនាយក​ដ្ឋាន​អភិវឌ្ឍ​​សហគមន៍​ ដែលស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​មហា​ផ្ទៃ​ ដែលជា​ស្ថាប័ន​អនុវត្តផ្ទាល់​​នៃចលនា​​ឃុំ​មួយ​ ផលិត​ផលមួយ​ ​របស់​​ប្រទេសថៃ​ ដោយបាន​បញ្ជាក់ថា​ ឃុំមួយ​ផលិតផល​ (OTOP)​ គឺ​ជា​​កម្មវិធី​ជំរុញ​សហគ្រាស​ក្នុងស្រុក​របស់​ប្រទេសថៃ​ ដែលកម្មវិធីនេះ​ត្រូវបាន​បង្កើត​​ឡើង​​ក្នុង​ឆ្នាំ​២០០១។​ គោលបំណង​នៃកម្មវិធី​នេះ គឺ​ដើម្បី​គាំទ្រ​និងរក​ទីផ្សារ​សម្រាប់​ផលិតផល​​ក្នុង​ស្រុក​​​ដែលផលិត​នៅតាម​បណ្តាភូមិ​ ឃុំ​ ស្រុកនានា។ ​កម្មវិធី​ឃុំមួយ​ ផលិតផលមួយ​ (OTOP)​ បានយក​តាមលំនាំ​ចលនាភូមិ១​ ផលិតផល១​ របស់​​ប្រទេស​​ជប៉ុន​ ដែលបាន​​ទទួល​​ជោគជ័យ​​យ៉ាង​ខ្លាំង​ក្នុងទស្សវត្សរ៍​ឆ្នាំ៧០​ ហើយកម្មវិធី​ (OTOP)​  បានលើក​ទឹកចិត្ត​​សហគមន៏​ជនបទ​​ឲ្យ​អភិវឌ្ឍន៏​ និងកែ​លម្អរ​គុណភាព​ផលិតផល​របស់ខ្លួន​ និងខិតខំ​ធ្វើទីផ្សារ​ ដោយជ្រើស​​រើស​​យក​ផលិតផល​លេចធ្លោ​នៃឃុំ​និមួយៗ​ធ្វើជាគំរូ​ និងតំណាង​ឲ្យផលិតផល​​នៃ​ឃុំនោះ​ដែល​គេ​​ហៅ​ថា​ “ផលិតផលគំរូ”​ “OTOP”​  (Starred OTOP Product)។ ផលិតផល​ OTOP​  មានរាប់ម៉ឺនមុខ​ ដែល​សុទ្ឋសឹង​ជាផលិតផល​ក្នុងស្រុក​ មានដូចជា​ សិប្បកម្ម​ប្រពៃណី,​  តម្បាញសូត្រ​ និង​កប្បាស,​ សម្ភារៈ​ដេរប៉ាក់,​ សំលៀកបំពាក់,​ សម្ភារៈ​ឬគ្រឿងសង្ហារឹម​ប្រើប្រាស់​ក្នុងផ្ទះ,​ វត្ថុ​អនុស្សាវរីយ៍,​  ភេសជ្ជៈ,​ ផលិតផល​ជាឱសថ​រុក្ខជាតិ​ និងម្អូបអាហារ។ សព្វថ្ងៃ,​ សមាជិក​ OTOP​ នៅ​ប្រទេស​ថៃ​មានចំនួន​ជាង ៣ម៉ឺន​ ៦ពាន់ក្រុម​ ហើយក្នុង​១ក្រុមៗ​មានសមាជិក​ ពី​៣០នាក់​ ដល់ ៣០០០នាក់។​ យន្តការ​សំខាន់មួយ​ក្នុងចំណោម​យន្តការ​ដ៏ទៃទៀត​ គឺការ​ ជ្រើស​រើស​ផលិតផលឯក​ ដែលផ្តោត​សំខាន់​លើគុណភាព​ជាចម្បង​ ដោយដាក់​ពិន្ទុរ​​ទៅតាម​​លំដាប់​ផ្កាយ​ គឺពីផ្កាយ១​ រហូតដល់​ផ្កាយ៥។​ ដូច្នេះ​ អតិថិជន​អាចជ្រើសរើស​គុណភាព​​ផលិត​ផល​​បានដោយងាយ​តាមរយៈ​លំដាប់​ផ្កាយនេះ។​

៥. បន្ទាប់មក,​ ភាគីទាំងពីរ​ក៍បាន​ធ្វើការ​ផ្លាស់​ប្តូរ​បទ​​ពិសោធន៍​ពីចំណុចខ្លាំង​ បញ្ហាប្រឈម​ និង​ទិសដៅ​ការងារ​ជំរុញ​ចលនាឃុំមួយ​ ផលិតផលមួយ​របស់ថៃ​ និងការងារ​ភូមិមួយ​ ផលិតផល​មួយ​របស់​កម្ពុជា​ក្នុង​ការ​​រួម​ចំណែក​លើក​កម្ពស់​សេដ្ឋកិច្ចជាតិ​ និងជីវភាព​រស់​នៅ​​របស់​​ប្រជាជន​​នៃប្រទេស​ទាំងពីរ។​

៦. នារសៀល​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៥,​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ យឹម ឆៃលី​ និង​ប្រតិភូ​​អម​ដំណើរ​ បានចូលរួម​​ជាមួយ​ឯកឧត្តម​​នាយឧត្តម​សេនីយ​ ប្រាយុទ្ឋ​ ចាន់អូចា​ Prayut Chan-o-cha នាយក​​រដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រថៃ​ ក្នុងពិធី​បើកពិព័រណ៍​ផលិតផល​ឃុំមួយ​ ផលិត​ផល​មួយ​ ឆ្នាំ២០១៥​ នៅ​ទីក្រុ​ង​​​​បាងកក​ ដោយពិរព័ណ៍នោះ​មានផលិតផល​ជាង ១០,០០០មុខ​ ត្រូ​វ​បាន​ជ្រើសរើស​​ដោយ​អគ្គនាយក​ដ្ឋាន​​អភិវឌ្ឍន៍​សហគមន៍​ មកពី​បណ្តាខេត្ត​នានា​ទូទាំង​​ប្រទេសថៃ​ និងមាន​កំណត់​កម្រិត​ចំនួនផ្កាយ​​ សម្រាប់​​សម្គាល់​​គុណភាព​​ផលិត​ផល​ដែល​ត្រូ​វ​​យក​​មក​​ចូលរួម​​ក្នុង​ពិព័រណ៍​ផលិតផល​ឃុំមួយ​ ផលិតផលមួយ​នេះ ផងដែរ។